Battambang

សាលាខេត្ត

  1. www.voanews.com/khmer
បាត់ដំបង​ក្រោម​អាណានិគម​បារាំង​​
នៅ​ឆ្នាំ​១៩០៧ រដ្ឋាភិបាល​បារាំង​បានរៀបចំ​ប្លង់​អភិវឌ្ឍន៍​ក្រុង​ដំបូង​សម្រាប់​ទីក្រុង​។ ពួកគេ​បានរៀបចំ​គំនូរ​ប្លង់​ផ្លូវ​មួយ​មាន​រាង​ជា​ក្រឡាចត្រង្គ​ដែលមាន​ ដំណើរ​ការល្អ​ ​និង​បាន​បំពាក់​នូវ​រចនាសម្ព័ន្ធ​ក្រុង​ហើយនឹង​បាន​ សាងសង់​ផ្លូវ​ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ និង​ប្រឡាយ​ព័ទ្ធជុំវិញ​។ ផ្លូវ​សំខាន់ៗ​ចំនួន ៣ ត្រូវបាន​សាងសង់​ស្រប​នឹង​ស្ទឹង​សង្កែ​ដែល​សព្វថ្ងៃ​មានឈ្មោះ​ថា ផ្លូវ​លេខ​១ ផ្លូវ​លេខ​២ និង​ផ្លូវ​លេខ​៣​។ ត្រើយ​ខាងលិច​និង​ត្រើយ​ខាងកើត​ដែល​ត្រូវបាន​ត​ភ្ជាប់​ដោយ​ស្ពាន ២ ក្នុង​ឆ្នាំ​១៩១៧ “​ស្ពានដែក និង​ស្ពានថ្ម​”​។ ផ្ទះ​លក់ទំនិញ​ជាច្រើន​ត្រូវបាន​សាងសង់ និង​បាន​ខ័​ណ្ឌ​ផ្តាច់​ពីគ្នា​ជា​ប្លុក​តូចៗ ដោយ​ផ្លូវ​កាត់​ទទឹង​និង​ឌឿងហែម ដែល​នៅ​ចន្លោះ​ពី​ផ្លូវ​សំខាន់​ទាំង​៣ ដូច្នេះ​វា​បានផ្តល់​នូវ​លំហ​និង​ទីធ្លា​សម្រាប់​ប្រក​បរបរ និង​ជំនួញ​ខ្នាតតូច​ដែល​ធ្វើឡើង​ដោយ​អាជីវករ​ខែ្មរ និង​ចិន​។ បារាំង​បាន​​ប្រើប្រាស់​កំផែង​សម្រាប់​កិច្ចការ​យោធា​ហើយ​ពួកគេ​បានសាងសង់​ ពន្ធនាគារ​នៅក្នុង​បរិវេណ​នោះ​។ ជាមួយគ្នានេះដែរ​មន្ទីរ​ពេទ្យ​មួយ​ត្រូវបាន​សាងសង់​នៅ​ជាយ​ខាងជើង​នៃ​​ ទីក្រុង​ក្បែរ​ឃ្លាំង​របស់​ធនាគារ​ឥណ្ឌូចិន​។ ចាប់ពី​ឆ្នាំ​១៩២៦ ប្លង់​អភិវឌ្ឍន៍​ក្រុង​លើក​ទី​២ ត្រូវបាន​បង្កើតឡើង​។ ផ្លូវ​រថភ្លើង​ត្រូវបាន​កសាងឡើង​ដើម្បី​ត​ភ្ជាប់​ខេត្តបាត់ដំបង​ទៅ​រាជ​​ ធានី និង​រចនាសម្ព័ន្ធ​ក្រុង​ត្រូវបាន​ពង្រីក​ទៅ​ទិស​ខាងលិច​រហូតដល់​ផ្លូវ​ រថភ្លើង ក្នុងនោះ​​មាន​អ័ក្ស​ក្រុង​សំខាន់ៗ រត់​តម្រង់​ទៅរក​ស្ថានីយ​រថភ្លើង​។ ចំណែក​ផ្សារណាត់ត្រូវបាន​សាងសង់​នៅ​ឆ្នាំ​១៩៣៦ ដែល​បានរៀបចំ​រចនា​យ៉ាង​ត្រឹមត្រូវ​រចនាបទ​អាត​ដេ​គ័​រ (Art Deco)​នៅលើ​ទីតាំង​នៃ​ផ្សារ​លំហ​នៅ​មាត់​ស្ទឹង​។ តាំងពី​ពេលនោះ​មក​ផ្សារណាត់​ត្រូវបាន​ចាត់ទុកជា​ចំណុច​សំគាល់​ទីតាំង​ដ៏​ សំខាន់​មួយសម្រាប់​ទីក្រុង​បាត់ដំបង​។ នៅក្នុងពេល​ជាមួយ​នោះដែរ​ក៏​ផ្តើម​មាន​សំណង់​ប្រណិតៗ​ជាច្រើន​ត្រូវបាន​ សាងសង់​ដូចជា ភូមិគ្រឹះ​និង​សំណង់​សាធារណៈ​សំខាន់ៗ​ជាដើម ហើយ​សំណង់​មួយចំនួន​បានក្លាយ​ជា​បេ​តិក​ភ័​ណ្ឌ​សម្រាប់​ទីក្រុង និង​បាន​បង្កើត​នូវ​លក្ខណៈពិសេស​នៃ​ក្រុង​បាត់ដំបង​រហូតដល់​ស​ព្វ​ថ្ងៃ​។​​ ការអភិវឌ្ឍន៍​នា​សម័យ​អាណានិគម​បារាំង​សំដៅ​ទៅរក​ទស្សនវិស័យ នៃ​ការអភិវឌ្ឍន៍​ក្រុង​ឲ្យ​ក្លាយទៅជា​មជ្ឈមណ្ឌល​រដ្ឋបាល និង​ជំនួញ​។​ ​    ​បាត់ដំបង​សម័យ​សង្គមរាស្ត្រនិយម​ ​ សម័យ​ឯករាជ្យ គឺជា​“​យុគសម័យ​មាស​” នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា​។ ប្លង់​អភិវឌ្ឍន៍​ក្រុង​ត្រូវ​បាប​ពង្រីក ៥ ដង​ធំ​ជាង​ប្លង់​រៀបចំ​ក្រុង​សម័យ​បារាំង​។ យោងទៅតាម​ប្លង់​អភិវឌ្ឍន៍​ក្រុង​លើក​ទី​៣ សម្រាប់​ទីក្រុង​បាត់ដំបង​។ តំបន់​ពង្រីក​ក្រុង​ធំៗ​ត្រូវ​បានគ្រោង​សម្រាប់​ប៉ែក​ខាងជើង (​តំបន់​លំនៅដ្ឋាន​) ដែល​បានរៀបចំ​ត្រឹមត្រូវ​ហៅថា សង្កាត់​ឆ្ពោះទៅ​សង្គមរាស្ត្រនិយម​។ ប្លង់​ក្រុង​ដែល​បានរៀបចំ​តាម​លក្ខណៈ​បច្ចេកទេស និង​ប្រកបដោយ​សោភ័ណភាពនាពេលនោះ គឺមាន​ម​ហិ​ច្ឆិ​តា​ធំធេង និង​មានការ​គិតគូរ​វែងឆ្ងាយ​ហើយ​វា​បានដាក់​បញ្ចូល​នូវ​អ័ក្ស​ក្រុង​សំខាន់ៗ ​មួយចំនួនទៀត ដែល​ស្របទៅតាម​ប្លង់​ចាស់​ដែលមាន​ស្រាប់​។ រហូតមកដល់​សព្វថ្ងៃ​តំបន់​ដែល​គ្របដណ្តប់​ដោយ​ប្លង់រៀបចំ​ក្រុង​នេះ​ពុំទាន់ ​អភិវឌ្ឍន៍​ពេញលេញ​និង​មាន​លំនៅដ្ឋាន​កុះករ​នៅឡើយ​ទេ​។​ ​    ​បាត់ដំបង​បានក្លាយ​ទៅជា​ទីក្រុង​ដ៏​ទំនើប​មួយ​របស់​ខេត្ត​ជា​មជ្ឈមណ្ឌល​ ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សម្រាប់​តំបន់​។ ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ និង​ទីកន្លែង​ផ្តល់​សេវាសាធារណៈ​មួយចំនួន​ត្រូវបាន​សាងសង់​នៅក្រោមកម្មវិធី​ ទំនើបភាវូបនីយកម្ម​នៃ​រដ្ឋាភិបាល​កម្ពុជា​រប​ស់​ព្រះអង្គម្ចាស់​នរោត្តម​ សីហនុ​។ រោងចក្រ​វាយនភ័ណ្ឌ និង​រោងចក្រ​តម្បាញ​ត្រូវបាន​សាងសង់​ដោយ​អ្នកវិនិយោគ​បារាំង និង​ចិន​។ ព្រលានយន្តហោះ​ត្រូវបាន​រៀបចំ​ឲ្យ​ដំណើរការ និង​ផ្លូវដែក​ត្រូវបាន​សាងសង់​ដើម្បី​ត​ភ្ជាប់​ទៅ​ព្រំប្រទល់​ប្រទេស​សៀម​។​ សាល​រៀន​មួយចំនួនធំ​និង​សាកលវិទ្យាល័យ​មួយ​ត្រូវបាន​សាងសង់​។ មណ្ឌលកីឡា សារមន្ទីរ និង​អាគារ​តាំង​ពិ​ព័រ​ណ៌​ត្រូវបាន​សាងសង់ ដើម្បី​បម្រើ​ឲ្យ​តម្រូវការ​ផ្នែក​វប្បធម៌​របស់​ប្រជាពលរដ្ឋ​ដែល​កំពុងមាន​ ការកើនឡើង​។ រដ្ឋាភិបាល​បាន​លុប​អូរ និង​ប្រឡាយ​មួយចំនួន ហើយ​មួយចំនួនទៀត​ត្រូវបាន​ប្រែក្លាយ​និង​ប្រើប្រាស់​ជា​ប្រព័ន្ធ​បង្ហូរ​ ទឹកស្អុយ​។​ ​   ខេត្តបាត់ដំបង​ក្រោយ​ឆ្នាំ​១៩៧៩ ​ក្នុង​របប​ប៉ុលពត​ទីក្រុង​បាត់ដំបង​ក៏ដូចជា ទីក្រុង​ដទៃទៀត​ទូទាំងប្រទេស​ដែរ ត្រូវបាន​បោះបង់ចោល​ដោយ​គ្មាន​មនុស្ស​រស់នៅ​។ នៅពេលដែល​ប្រទេស​កម្ពុជា​ធ្លាក់ចូល​ទៅក្នុង​សង្គ្រាមស៊ីវិល​ការអភិវឌ្ឍន៍​ ក្រុង​ត្រូវបាន​ជាប់គាំង​។​ ​    ​ក្នុង​ឆ្នាំ​១៩៨០ ប្លង់​អភិវឌ្ឍន៍​ក្រុង​លើក​ទី​៤ ត្រូវបាន​រៀបចំ​ដោយ​ផ្នែក​សុរិយោដី នៃ​មន្ទីរ​កសិកម្ម​ខេត្ត ហើយ​ប្លង់​នេះ​គ្របដណ្តប់​ផ្ទៃដី​មួយ​ភាគ​ធំ នៃ​ឃុំ​ព្រែក​ព្រះស្តេច ដែល​ ​ព័ទ្ធជុំវិញ​ទីតាំង​ផ្សារ​ថ្មី ស្ថិតនៅ​ប៉ែក​និរតី​នៃ​ក្រុង​។ បន្ទាប់ពី​សង្គ្រាមស៊ីវិល​បានបញ្ចប់​ទីក្រុង​បាន​រីកដុះដាល​យ៉ាង​ឆាប់រហ័ស ការអភិវឌ្ឍន៍​ទីផ្សារ​បាន​បន្ត ទីក្រុង​ត្រូវបាន​ពង្រីក​ជា​បន្តបន្ទាប់​។ ប្រជាជន​តំបន់​ជិតខាង​បានធ្វើ​ចំណាកស្រុក​មកកាន់​ខេត្តបាត់ដំបង​ដើម្បី​ ស្វែងរក​ការងារ និង​ដើម្បី​តាំង​លំនៅដ្ឋាន​ថ្មី​។ ក្រៅពី​អ្វីដែល​បាន​រៀបរាប់​ខាងលើ​វិស័យ​​អប់រំ​ជាមួយ​ការអភិវឌ្ឍន៍​យ៉ាង​ ឆាប់រហ័ស នៃ​សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន និង​វិទ្យាល័យ គឺជា​ចំណុច​ដ៏​សំខាន់​មួយ​របស់​ក្រុង​បាត់ដំបង ។ បច្ចុប្បន្ន​ក្រុង​បាត់ដំបង គឺជា​កម្លាំង​​ចលករ​មួយ​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្នុងស្រុក​។ មាន​សំណង់​ថ្មីៗ​ត្រូវបាន​សាងសង់ ពិសេស​គ្របដណ្តប់​លើ​អ្វីដែល​បានគ្រោង​ឲ្យ​មាននៅ​ក្នុង​ប្លង់​រចនាសម្ព័ន្ធ​ ក្រុង នៃ​សម័យ​ឯករាជ្យ និង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដូចជា សណ្ឋាគារ ផ្សារ សាលារៀន​ឯកជន និង​លំនៅដ្ឋាន​ឯកជន ខណៈដែល​តំបន់​សម្រាប់​តាំង​ទីលំនៅ​ពុំទាន់​មានការ​កើនឡើង​ជាទី​ក​ត់​សម្គាល់ ​ហួស​ពី​ព្រំប្រទល់ នៃ​ប្លង់​អភិវឌ្ឍន៍​ទីក្រុង​ទាំង​២ ចុងក្រោយ​នេះឡើយ​