Battambang

វិស័យការពារជាតិ

  1. facebook
  2. Panich_Blog
  3. Yahoo mail
ទោះបី​ស្ថានភាព​នៅ​តាម​បន្ទាត់​ព្រំដែន​មាន​លក្ខណៈ​តានតឺង​រវាង កម្ពុជា-ថៃ យ៉ាង​ណា​ក៏​ដោយ ក៏​នៅ​​តែ​មិន​អាច​បញ្ឈប់​ការរកស៊ី​ដោះដូរ​ទំនិញ​រវាង​ពលរដ្ឋ​កម្ពុជា​និង​ ថៃ​តាម​ព្រំដែន​បាន​ឡើយ ជា​ពិសេស​នៅ​តាម​មាត់​ច្រក​អូរបី​ជាន់ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​អូរបី​ជាន់ ស្រុក​អូរ​​ជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ដែល​មាន​សកម្មភាព​ធម្មតា​ សម្រាប់​ពលរដ្ឋ​ខ្មែរ-ថៃ ក្នុង​ការចេញ​ចូល​ដោះដូរ​ទំនិញ​។
ជាក់ស្តែង នៅ​ចន្លោះ​ពី​កុងត្រូល​មាត់ច្រក​នៃ​ភាគី កម្ពុជា-ថៃ ​ឃើញ​មាន​រថយន្ត​ធុន​មួយ​បាំង​របស់​ឈ្មួញ​ថៃ បាន​ប្រមូល​ទិញ​ស្លឹក​ព្រិច​ពី​ខាង​ឈ្មួញ​ខ្មែរ​ យ៉ាង​គគ្រឹកគគ្រេង​។
បើ ​តាម​ប្រភព​ព័ត៌មាន​ដែល​កម្ពុជា​ថ្មី​ចុះ​ទៅ​ដល់​មាត់​ច្រក​អូរ​បី​ជាន់ ដែល​ជា​ច្រក​មួយ​នាំ​ចូល​សត្វ​គោ​យ៉ាង​ច្រើន​ជាង​គេ បាន​ឲ្យ​ដឹង​ថា ជា​រៀងរាល់​ឆ្នាំ ឲ្យ​តែ​ដល់​ខែ​ដែល​ខាង​ភាគី​ខ្មែរ​មាន​ស្លឹក​ព្រិច​លាស់ ថៅកែ​ថៃ​ឈ្មោះ ឃុំ រួម ជាមួយ​ប្អូន​ថ្លៃ ម្តាយ​ក្មេក ដែល​រស់​នៅ​បូរីរាំ និង​ខេត្ត​សូរិន ប្រទេស​ថៃ តែងតែ​នាំ​គ្នា​មក​ប្រមូល​ទិញ​ស្លឹក​ព្រិច​ពី​ឈ្មួញ​ខ្មែរ ដែល​មាន​ ៣-៤ នាក់​ ដែល​ដើរ​ប្រមូល​ទិញ​ស្លឹក​ព្រិច​ពី​ស្រុក​នានា យក​មក​លក់​ឲ្យ​ថៃ​ ដែល​មក​ទិញ​ដល់​ដី​ខ្មែរ ក្នុង​មួយ​គីឡូក្រាម​ស្លឹក​ព្រិច ៨០ បាត ស្មើ​ជិត​​មួយ​ម៉ឺន​រៀល​ដើម្បី​យក​ទៅ​លក់​ចែក​ចាយ​តាម​ផ្សារ​ក្នុង​ប្រទេស​ ថៃ​។
បើ​តាម​ឈ្មួញ​ខ្មែរ ដែល​ដើរ​ប្រមូល​ទិញស្លឹក​​ព្រិច​ពី​ស្រុក​ផ្សេង​ៗ​ចំនួន​បួន​នាក់ ដែល​បាន​យក​ស្លឹក​ព្រិច​​ដឹក​តាម​ម៉ូតូ​ដាក់​ក្នុង​បាវ​មក​លក់​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ពួក​គាត់​សុទ្ធ​តែ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​បី​ជាន់​។ ជា​រៀងរាល់​ឆ្នាំ​នៃ​រដូវ​ដែល​មាន​ស្លឹក​ព្រិច​លាស់ ពួក​គាត់​ទាំងអស់​គ្នា តែងតែ​ជិះ​ម៉ូតូ​ចេញ​ពី​ភូមិ​អូរបី​ជាន់ ពី​ម៉ោង ៣ ទៅ​ម៉ោង ៤ ទៀប​ភ្លឺ ទៅ​ស្រុក​មោងឬស្សី និង​ស្រុក​គាស់​ក្រឡ នៃ​ខេត្ត​បាត់ដំបង​ ដើម្បី​ប្រមូល​ទិញ​ស្លឹក​ព្រិច​ពី​ប្រជាពលរដ្ឋ​ ដែល​គេ​បាន​ស្លឹក​ព្រិច​មា្នក់​១ គីឡូ ២ ​គីឡូ ៣ គីឡូ ដោយ​ក្នុង​មួយ​ព្រឹក​អាច​រកទិញ​បាន​ ៥០ គីឡូ​ទៅ ១០០ គីឡូ ទើប​ត្រឡប់​មក​វិញ​ឲ្យ​បាន​ម៉ោង ៣ ទៅ​ ៤ ដើម្បី​លក់​ឲ្យ​ឈ្មួញ​ថ្លៃ​ក្នុង ១ គីឡូ ៨០ បាត ដោយ​ក្នុង​មួយ​ថ្ងៃ​រក​ចំណូល​បាន ៥ ទៅ ៦ ម៉ឺន​រៀល​ដែរ​។
ឈ្មួញ ​ខ្មែរ​បាន​និយាយ​ទៀត​ថា ស្លឹក​ព្រិច​ខ្មែរ​មិន​សូវ​ហូប​ទេ ព្រោះ​ខ្លាច​ពុល តែ​ចំណែក​ថៃ​វិញ ចូលចិត្ត​ណាស់ ព្រោះ​ថា​នៅ​ប្រទេស​គេ​ គឺ​ដាំ​សម្បូរ​ទៅ​ដោយ​ជាតិ​គីមី ចំណែក​ឯ​របស់​ខ្មែរ​យើង គឺ​ដុះ​តាម​ធម្មជាតិ ទើប​ថៃ​ចេះ​តែ​មក​ទិញ​ជា​រៀងរាល់​ឆ្នាំ ធ្វើ​ឲ្យ​ពួក​គាត់​អាច​រក​ចំណូល​ចូល​គ្រួសារ​បាន​គ្រាន់​ចិញ្ចឹម​គ្រួសារ​ ដែរ​។
ចំពោះ​ថៅកែ​ថៃ​ឈ្មោះ ឃុំ ដែល​នាំ​បង​ប្អូន​ ឪពុក​ម្តាយ​មួយ​គ្រួសារ មក​ទិញ​ស្លឹក​ព្រិច​ខ្មែរ​បាន​និយាយ​ថា គាត់​ទិញ​ព្រិច​ក្នុង​មួយ​ថ្ងៃ​បាន​ប្រហែល ៥០០ ទៅ ៦០០ គីឡូ ដោយ​ក្នុង​មួយ​គីឡូ​ទទួល​ទិញ​ថ្លៃ ៨០ បាត ហើយ​យក​ទៅ​លក់​វិញ ១ គីឡូ ៩០ បាត​។ សម្រាប់​ស្លឹក​ព្រិច​នេះ​ យក​ទៅ​ស្ងោរ​និង​ឆា​គឺ​មាន​រសជាតិ​ឆ្ងាញ់​ណាស់​។
ដោយឡែក បើ​តាម​ស្ត្រី​ខ្មែរ​ម្នាក់ ដែល​រស់​នៅ​ឃុំ​អូរ​បី​ជាន់ ដែល​មក​ទិញ​ស្លឹក​ព្រិច​ពី​ថៅកែ​បន្ត​យក​ទៅ​លក់​ បាន​ឲ្យ​ដឹង​ថា គាត់​តែងតែ​មក​សុំ​ទិញ​ស្លឹក​ព្រិច​ពី​ថៃ​ក្នុង ១ គីឡូ ៩០ បាត ហើយ​យក​ទៅ​ចង​បាច់​លក់​នៅ​ក្នុង​ដី​ថៃ​ មួយ​បាច់​តូច​ៗ​ប្រហែល​មួយ​ខាំ​កន្លះ បាន​តម្លៃ​២៥ បាត​។
និយាយ​រួម ស្លឹក​ព្រិច​នេះ​ទោះ​ជា​ឈ្មួញ​ខ្មែរ​ប្រមូល​ទិញ​បាន​ប៉ុន្មាន​ក៏​ថៃ​ទិញ​ដែរ ហើយ​តម្លៃ​បាន​ខ្ពស់​ផង​ដែរ​៕