Battambang

ទំពាំងបាយជូបាណន់

  1. crop Grape
ថៃ្ងទី ២៦ ឧសភា ឆ្នាំ ២០១១ ដោយ មិត្រប្រជាប្រិយ បាត់​ដំបង: ហ៊ុមព័ទ្ធ​ជុំវិញ​ដោយ​ទ្រើង​ដើម​ទំពាំង​បាយ​ជូរ​ គេហ​ដ្ឋាន​ដែល​ស្ថិត​នៅ​​ស្រុក​បាណន់ ចម្ងាយ​ប្រមាណ​១៣​គីឡូម៉ែត្រ​ពី​ទីក្រុង​បាត់ដំបង​ បាន​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​បរទេស​​ជា​ច្រើន​នាក់​ទៅ​ទស្សនា​ទីនោះ​ រាល់​ថ្ងៃ​។ ផ្ទះ​នេះ​ជា​កម្ម​សិទ្ធិ​របស់​គ្រួសារ​ ចាន់ ថៃឈឿង​ដែល​បាន​ដាំ​ទំពាំង​បាយ​ជូរ​មុន​គេ​បង្អស់​​នៅ​ក្នុង​ព្រះ​រាជា​ ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន លោក​ ឈឿង ដែល​ជា​អ្នក​ចម្ការ​ដំណាំ​ទំពាំង​បាយ​ជូរ​​ផ្ទាល់​ បាន​ផលិត​ស្រា​ក្រហម​ពី​ផលិត​ផល​កសិកម្ម​របស់​លោក​ ហើយ​​ក្លិន​ដ៏​ឈ្ងុយ​របស់​​​ស្រា​​នោះ​​បាន​សាយ​ភាយ​​ដល់​​ឃាន​វិញ្ញាណ​ មនុស្ស​ម្នា​ជា​ច្រើន​ឲ្យ​​ធ្វើ​ដំណើរ​មក​កាន់​ផ្ទះ​របស់​លោក​ ដើម្បី​ទស្សនា​ដំណាំ​នេះ និង​ភ្លក្ស​រសជាតិ​វា​នៅ​នឹង​កន្លែង​តែ​ម្ដង។ អ្នក​ស្រី​ ឡេង ចាន់​ថុល វ័យ​៤៣​ឆ្នាំ​ ជា​ភរិយា​របស់​លោក ឈឿន បាន​សម្គាល់​ឃើញ​ថា ចំនួន​អ្នក​​ជាប់​ចិត្ដ​នឹង​ស្រា​ទំពាំង​បាយ​ជូរ​មាន​កាន់​តែ​​​ច្រើន​ឡើង​ៗ ​ ក្នុង​រយៈ​ពេល​២​ឆ្នាំ​នេះ​។ ពួក​គេ​មក​ក្រេប​រសជាតិ​ស្រា​នៅ​ផ្ទះរបស់​អ្នកស្រី ដែល​ជា​ផ្នែក​មួយ​នៃ​​ដំណើរ​កម្សាន្ដ​​ផងដែរ​។ ក្នុង​មួយ​ថ្ងៃ អ្នក​ស្រី​ត្រូវ​ស្វាគមន៍​ភ្ញៀវ​​​យ៉ាង​តិច​៥០​នាក់​ ដែល​ទំនង​ជា​​ឮ​ព័ត៌មាន​អំពី​ស្រា​ទំពាំង​បាយ​ជូរ​ដំបូង​បង្អស់​របស់​​ កម្ពុជា​ ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឬ​ក៏​ដំណឹង​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ត​ៗ​គ្នា​។ អ្នក​ស្រី ចាន់ថុល បន្ដ​ថា​៖ «អតិថិជន​មួយ​ចំនួន​ដែល​មក​ទីនេះ​បាន​និយាយ​ថា ពួក​គេ​ទៅ​ខេត្ដ​សៀមរាប ​ពីព្រោះ​ពួក​គេ​ចង់​ទស្សនា​ប្រាសាទ​អង្គរ​វត្ដ ប៉ុន្ដែ​​ឆៀង​ចូល​ខេត្ដ​បាត់ដំបង​ព្រោះ​ចង់​ភ្លក្ស​រសជាតិ​ស្រា​ទំពាំង​ បាយជូរ​របស់​ខ្ញុំ​»​។ ដោយ​សារ​តែ​​មាន​ភ្ញៀវ​​កាន់​តែ​ច្រើន​មក​ក្រេប​ស្រា​នៅ​ផ្ទះ​របស់​អ្នក​ ស្រី​ដោយ​ផ្ទាល់​ អ្នកស្រី​ ចាន់​ថុលក៏​បាន​បង្កើត​ភោជនីយ​ដ្ឋាន​​ទំពាំង​បាយជូរ​​ភ្នំ​មួយ​នៅ​ជាប់​គេហ​ ដ្ឋាន​របស់​ខ្លួន​​ និង​ផ្ទុក​ស្រា​​សម​ល្មម​ឲ្យ​ភ្ញៀវ​ភ្លក្ស​ ​និង​ជាវ​ ដូច្នេះ​ហើយ​ទើប​អ្នក​ស្រី​ពុំ​សូវ​មាន​ស្រា​ច្រើន​សម្រាប់​ផ្គត់​ផ្គង់​តាម ​​សណ្ឋាគារ​ ឬក៏​ភោជនីយ​ដ្ឋាន​នានា​ក្នុង​ក្រុង​បាត់ដំបង​ សៀមរាប និង​រាជ​ធានី​ភ្នំពេញ​ដូច​មុន​ទេ។ ត្រឡប់​ទៅ​មើល​នៅ​ឆ្នាំ​១៩៩​៩​វិញ នៅ​ពេល​ដែល​គ្រួសារ​របស់​អ្នក​ស្រី​ផ្ដើម​ដាំ​ទំពាំង​បាយជូរ​ដំបូង គ្មាន​នរណា​ម្នាក់​សង្ឃឹម​ថា ​ពួក​គាត់​អាច​ធ្វើ​ឲ្យ​ផលិត​ផល​នេះ​ចេញ​ជា​រូប​រាង​បាន​ឡើយ។ ស្វាមី​របស់​​​អ្នកស្រី ដែល​មាន​បទ​ពិសោធ​ច្រើន​ខាង​ដំណាំ​ក្រូច​ បាន​សាកល្បង​ដាំ​ដំណាំ​ទំពាំង​បាយជូរ​តាម​ក្បួន​សៀវភៅ​។ អ្នក​ស្រី​បាន​លើក​ឡើង​ថា​៖ «​ស្វាមី​របស់​​ខ្ញុំ​គឺជា​កសិករ​ម្នាក់ ដែល​ធ្លាប់​ដាំ​តែ​ដំណាំ​ក្រូច​។ ដោយ​សារ​តែ​ដំណាំ​ក្រូច​នោះ​មិន​សូវ​បាន​ទិន្នផល​កាក់​កប​ ទើប​គាត់​ចង់​ប្ដូរ​ទៅ​ដាំ​ដំណាំ​ផ្សេង​វិញ​។ ដូច្នេះ​គាត់​ក៏​បាន​ធ្វើ​ការ​ស្រាវជ្រាវ​​ពី​ដំណាំ​ផ្សេង​ៗ​ច្រើន​មុខ​ទៀត​ ហើយ​គាត់​បាន​រក​ឃើញ​ថា​ ស្ថានភាព​ភូមិសាស្រ្ដ​ និង​អាកាស​ធាតុ​នៅ​ទី​នេះ​គឺ​ស័ក្ដិសម​នឹង​ដាំ​ដំណាំ​ទំពាំង​បាយ​ជូរ​»​។ បន្ទាប់​ពី​លោក​ប្រមូល​ព័ត៌មាន​ច្រើន​គ្រប់​គ្រាន់​ពី​វិធី​ដាំដំណាំ​ ទំពាំង​បាយ​ជូរ លោក​ ឈឿង បាន​ទាក់​ទង​សាច់​ញាតិ​របស់​ខ្លួន​នៅ​ប្រទេស​បារាំង​​ឲ្យ​ជួយ​ផ្ដល់​ពូជ​ ទំពាំង​បាយ​ជូរ​ខ្លះ​ៗ​ដល់​លោក​។ អ្នក​ស្រី​ ចាន់ថុល បាន​បន្ថែម​ថា​៖ «​នៅ​ពេល​ដែល​បង​ប្អូន​របស់​យើង​មក​លេង​ស្រុក​ខ្មែរ​​ យើង​បាន​សុំ​ឲ្យ​ពួក​គេ​នាំ​យក​ពូជ​ទំពាំង​បាយ​ជូរ​មក​ខ្លះ​។ ពួក​គេ​បាន​លាក់​ដើម​ទំពាំង​បាយ​ជូរ​នៅ​ក្នុង​កាបូប​។ ដំបូង​យើង​ដាំ​វា​តែ​ប៉ុន្មាន​​ដើមទេ​​។​ ក្រោយ​ពី​វា​ចេញ​ផ្កា ​​និង​ផ្ដល់​ផ្លែ​ល្អ​ៗ យើង​បាន​បំបៅ​កាន់​តែ​ច្រើន​ដើម​បន្ថែម​ទៀត​»។ ក្រោយ​មក​ ស្វាមី​របស់​អ្នក​ស្រី​បាន​បង្កើន​ចំនួន​ដាំដុះ​រហូត​ដល់​ផ្ទៃដី​២​ហិកតា​។ ពិត​ណាស់​បើ​គ្រាន់​តែ​ដី​មាន​ជី​ជាតិ​ល្អ​មិន​ទាន់​អាច​ធ្វើ​ឲ្យ​ដំណាំ​នេះ ​លូត ​លាស់​ល្អ​បាន​ទេ ប៉ុន្ដែ​​ត្រូវ​អរគុណ​ដល់​​ស្ទឹង​សង្កែ​ស្ថិត​នៅ​ក្រោយ​ផ្ទះ​របស់​លោក​ដែល​ ជា​ ប្រភព​ទឹក​ដ៏​ធំ​ បាន​ជួយ​ដល់​ការ​ងារ​របស់​លោក​ជា​ច្រើន​។ ដំបូង​ឡើយ លោក​ ឈឿង គ្រាន់​តែ​ដាំ​សម្រាប់​ទទួល​ទាន​ខ្លួន​ឯង​ប៉ុណ្ណោះ ប៉ុន្ដែ​ក្រោយ​មក​ទៀត​​លោក​បាន​ដាំ​សម្រាប់​ផលិត​ស្រា​ទំពាំង​បាយជូរ​។ កាលពី​ឆ្នាំ​២០០៤​ លោក​បាន​ផ្ដើម​ផលិត​ស្រា​ទំពាំង​បាយ​ជូរ​ដោយ​បាន​ទិញ​ម៉ាស៊ីន ​និង​​ដប​ស្រា​មក​ពី​ប្រទេស​បារាំង​ព្រមទាំង​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​។
គ្រួសារ​របស់​អ្នក​ស្រី បាន​ផលិត​ស្រា​ទំពាំង​បាយ​ជូរ​រស់​ជាតិ​៣​ប្រភេទ Roger, Ripe ​និង​ Brandy។ អ្នក​ស្រី​បាន​បន្ថែម​ថា ទឹក​ខ្ញី​ដែល​មិន​ទាក់​ទងនឹង​ទំពាំង​បាយជូរ​ ប៉ុន្ដែ​​ក៏​ត្រូវ​បាន​ផលិត​នៅ​ផ្ទះ​របស់​អ្នកស្រី​ សម្រាប់​អតិថិជន​ផង​ដែរ​។
ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ គ្រួសារ​របស់​អ្នកស្រី​ ចាន់​ថុល បាន​បន្ថែម​ដំណាំ​ទំពាំង​បាយ​ជូរ​ពី​២​ទៅ​៤​ហិកតា​ ឬក៏​ចាប់​ពី​២០០០​ដើម​រហូត​ដល់​១២០០០​ដើម។ អ្នក​ដែល​រស់​នៅ​បរិវេណ​ជុំ​វិញ​ផ្ទះ​របស់​អ្នកស្រី​ មិន​ទាន់​ចាប់​អារម្មណ៍​ដាំ​ដំណាំ​នេះ​នៅ​ឡើយ​ទេ ប៉ុន្ដែ​ប្រជា​ពលរដ្ឋ​រស់​នៅ​ខេត្ដ​បន្ទាយ​មានជ័យ​ និង​ស្រុក​រតន​មណ្ឌល​​ក្នុង​ខេត្ដ​បាត់​ដំបង ដែល​បាន​មក​សិក្សា​ពី​វិធី​ដាំ​​ទំពាំង​បាយ​ជូរ​ពី​​​គ្រួសារ​របស់​អ្នក​ ស្រី​ ក៏​បាន​ចាប់​ផ្ដើម​​ការងារ​កសិកម្ម​នេះ​នៅ​លើ​ដី​ស្រែ​របស់​ខ្លួន​ដែរ។ ពួកគេ​បាន​ថែម​ទាំង​មាន​ផ្លែ​ទំពាំង​បាយ​ជូរ​មក​លក់​ឲ្យ​គ្រួសារ​របស់​អ្នក​ ស្រី​វិញ​សម្រាប់​​ផលិត​ស្រា​។
អ្នក​ស្រី​កត់​សម្គាល់​ថា៖ «​ប្រជា​ពលរដ្ឋ​​មួយ​ចំនួន​យល់​ច្រឡំ​ថា ដំណាំ​ទំពាំង​បាយជូរ​​អាច​ដាំ​នៅ​តែ​ក្នុង​បណ្ដា​ប្រទេស​ដទៃ​។ ការ​ពិត ដំណាំ​ប្រភេទ​នេះ​ក៏​អាច​ដាំ​នៅ​​​ក្នុង​ប្រទេស​​កម្ពុជា​​ដែរ​។ ប្រជាជន​ខេត្ដ​បន្ទាយ​មាន​ជ័យ ​និង​ស្រុក​រតន​មណ្ឌល​ បាន​ដាំ​វា​ដូច​ដំណាំ​​ស្រូវ​ធម្មតា ហើយ​វា​​ដុះ​លូត​លាស់​យ៉ាង​លឿន​»​។
អ្នក​ស្រី​បាន​បញ្ជាក់​ថា ការ​ដាំ​ដំណាំ ទំពាំង​បាយ​ជូរ​នៅក្នុង​ស្រុក​យើង​ ទំនង​ជា​ផ្ដល់​ទិន្នផល​ល្អ​ជាង​ប្រទេស​ដទៃ​ ដោយ​វា​បាន​ផ្ដល់​ផល​រហូត​ដល់​៣​ដង​ក្នុង​មួយ​ឆ្នាំ​ ខណៈ​ពេល​ដែល​អ្នក​ខ្លះ​អាច​ទទួល​ផល​​បាន​តែ​១ឬ​​២​ដង​ប៉ុណ្ណោះ​។ អ្នកស្រី​បាន​សម្គាល់​ទៀត​ថា ទំពាំង​បាយ​ជូរ​ត្រូវ​ការ​​អាកាស​ធាតុ​​ទាំង​ក្ដៅ និង​ត្រជាក់ ប៉ុន្ដែ​ក្ដៅ​ប្រសើរ​ជាង​ត្រជាក់​។
យ៉ាង​ណា​មិញ​អ្នក​ស្រី​ ចាន់​ថុល បន្ថែម​ថា​៖ «​វាក៏​​អាស្រ័យ​​លើ​យើង​ជា​អ្នក​ដាំ​ខ្លួន​ឯង​។ យើង​អាច​ទទួល​ទិន្នផល​ផ្លែ​រាល់​ពេល​ដែល​យើង​ចង់​ពីព្រោះ​យើង​អាច​​ផ្ដល់​ ទឹក​ ជី​និង​ការ​ថែទាំ​គ្រប់​គ្រាន់»​។
អ្នក​ស្រី​បាន​បញ្ជាក់​ចុង​ក្រោយ​ថា​ ដំណាំ​ទំពាំង​បាយ​ជូរ​របស់​អ្នក​ស្រី​បច្ចុប្បន្ន មិន​ត្រឹម​តែ​ផ្ដល់​ទិន្នផល​ខ្ពស់​ប៉ុណ្ណោះទេ​ ប៉ុន្ដែ​វា​បាន​ដើរតួ​យ៉ាង​សំខាន់​ជា​ផ្នែក​កសិ​​ទេសចរណ៍​​​ផងដែរ​​ ពីព្រោះ​វា​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​ទស្សនា​សហគមន៍​អ្នក​ស្រី​រាល់​ ថ្ងៃ៕
ពីកាសែតភ្នំពេញប៉ុស្តិ៍